អាជ្ញាធរពាក់ព័ន្ធចុះសម្របសម្រួលការបើកប្រាក់ឈ្នួល កម្មករសំណង់ របស់ក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក សាងសង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) ស្ថិតនៅសង្កាត់បាទី ក្រុងបាវិត
ក្នុងគោលបំណងរក្សានូវអត្ថប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករ នឹងធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ដោយលោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី ថុល សុធី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនគរបាលខេត្ត លោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត រួមជាមួយលោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកដាំ ឃុនពិសី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងភាគីកម្មករ អ្នកម៉ៅការ និងភាគីម្ចាស់ការដ្ឋានអគារ និងសម្របសម្រួលការបើកប្រាក់ឈ្នួល កម្មករសំណង់ របស់ក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក សាងសង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) ស្ថិតនៅភូមថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
ជាលទ្ធផលនៃកិច្ចសម្របសម្រួលជាច្រើនម៉ោង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ភាគីពាក់ព័ន្ធទាំងអស់បានធ្វើការព្រមព្រៀងគ្នាលើចំណុចសំខាន់ៗ មានដូចជា៖
-ភាគីក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) យល់ព្រមផ្តល់ប្រាក់ចំនួន ១១០,០០០ USD (មួយរយ ដប់ពាន់ ដុល្លាអាមេរិកគត់) ជូនក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលា ម៉ោង ១០ និង៣០ នាទីព្រឹក ដើម្បីបើកប្រាក់ឈ្នួលជូនអ្នកម៉ៅការបន្ត និងបងប្អូនកម្មករសំណង់ទៅតាមចំនួនភាគរយ (ដូចមានបញ្ជីជូនភ្ជាប់) ។ ចំពោះទឹកប្រាក់ ៥% ស្មើនឹងទឹកប្រាក់ចំនួន ៣៩២,៥៨៥ USD ក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) នឹងបើកជូនក្រុមហ៊ុនសាងសង់ ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៦។
-ចំពោះទឹកប្រាក់ចំនួន ១១០,០០០ USD (មួយរយដប់ពាន់ ដុល្លាអាមេរិកគត់) ក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) និងកាត់កង់ត្រឡប់មកវិញពីទឹកប្រាក់ ៥% លើកទី២ ដែលត្រូវបើកនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ដោយត្រូវទទួលបានចំនួន ២៨២,៥៨៥ USD (ទឹកប្រាក់ត្រូវបើកបន្ទាប់ពីកាត់កងរួច) ។
ក្នុងកិច្ចសម្របសម្រួលនេះ លោក ម៉ែន អេង អភិបាលរងខេត្ត និងឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា បានផ្តល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ថា "ការអភិវឌ្ឍត្រូវដើរទន្ទឹមនឹងការគោរពសិទ្ធិ និងច្បាប់"។ អាជ្ញាធរខេត្តមិនត្រឹមតែការពារនូវអត្ថប្រយោជន៍ស្របច្បាប់ និងក្រពះរបស់បងប្អូនកម្មករដែលជាកម្លាំង ចលករនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រៀមខ្លួនជានិច្ចក្នុងការការពារ នូវបរិយាកាសវិនិយោគប្រកបដោយ សុវត្ថិភាព និងភាពយុត្តិធម៌សម្រាប់ម្ចាស់អាជីវកម្មផងដែរ។ លោកអភិបាលរងខេត្ត និងឯកឧត្តមព្រះរាជអាជ្ញា ក៏បានក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនម៉ៅការសំណង់ទាំងអស់ ត្រូវតែគោរពច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជាឱ្យបានខ្ជាប់ខ្ជួន។ លោកអភិបាលរងខេត្ត ក៏បាន អំពាវនាវដល់បងប្អូនកម្មករ និយោជិតទាំងអស់ត្រូវបន្តជឿជាក់លើការដោះស្រាយតាមរយៈយន្តការច្បាប់ និងអាជ្ញាធរដែនដី។ រដ្ឋបាលខេត្ត សូមបញ្ជាក់ជំហរថា នឹងមិនអត់ឱនចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលរំលោភលើសិទ្ធិ ជាមូលដ្ឋានរបស់កម្មករនិយោជិត ឬធ្វើសកម្មភាពណាដែលបង្កឱ្យមានអសន្តិសុខ ក្នុងសង្គម។ ក្នុងករណីដែលមានការរឹងរូសមិនអនុវត្តតាមកិច្ចព្រមព្រៀង ឬបន្តរំលោភច្បាប់ការងារ អាជ្ញាធរ មានសមត្ថកិច្ចនឹងប្រើប្រាស់វិធានការរដ្ឋបាល និងវិធានការច្បាប់តាមរយៈតំណាងអយ្យការ ដើម្បីចាត់ការ តាមនីតិវិធីជាធរមានដោយគ្មានការលើកលែង។ ការដោះស្រាយបញ្ចប់វិវាទនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីប្រសិទ្ធភាពនៃ ការដោះស្រាយវិវាទ ដែលមានការចូលរួម ពីកម្លាំងចម្រុះ និងមន្ទីរជំនាញ ដើម្បីប្រែក្លាយជម្លោះឱ្យទៅជាការយោគយល់ និងការបន្តកិច្ចសហការគ្នា ឡើងវិញ ក្រោមដំបូលនៃសន្តិភាព និងស្ថិរភាពសង្គម។
មុននឹងបញ្ចប់នៃការចុះសម្របសម្រួលដោះស្រាយវិវាទការងារនេះ លោក ម៉ែន អេង អភិបាលរងខេត្ត ក្នុងនាមឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ រហូតឈានដល់ ការបញ្ចប់វិវាទដោយសន្តិវិធី និងឈ្នះ-ឈ្នះ ទាំងសងខាង។




































No comments:
Post a Comment